ការប្រែប្រួលនៃរូបរាង ជាពិសេសក្រោយពេលសម្រាលកូនរួចជាអ្វីដែលស្រីៗពិបាកចៀសវាង ទោះបីជាពួកគេជាតារាល្បីយ៉ាងណាក៏ដោយ។ ម៉្យាងទៀតការរក្សារាងរៅឲ្យបាននៅស្វែលស្រឡូនស្អាត ពិតជាមិនមែនរឿងមួយដែលងាយស្រួលនោះទេសម្រាប់ម្ដាយដែលទើបសម្រាលកូនរួចដូច តារាស្រីតៃវ៉ាន់ អ្នកនាងសាន់ ឆាយ ក្នុងរឿងស្នេហា៤ដួងនេះជាដើម។

សាន ឆាយបានសម្រាលកូនប្រុសទីពីរនៅពាក់កណ្ដាលឆ្នាំ២០១៧។ បន្ទាប់ពីសម្រាលកូនរួចបានមួយខែ នាងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់ខ្លាំងៗពីការឡើងទម្ងន់យ៉ាងគំហុករបស់នាង។ ការចំអកមានដូចជា មុខឡើងប៉ោងដូចហើម និងធាត់ឡើងលែងមានចង្កា ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តនាងជាទម្ងន់។

ក្រោយមកទៀត កាលពីពេលថ្មីៗនេះ ស្វាមីរបស់នាងដែលជាអ្នកជំនួញ ឈ្មោះ Wang Xiaofei បានបង្ហោះរូបរបបអាហាររបស់នាងនៅលើបណ្ដាញសង្គម Weibo ហើយនិយាយថា " បើប្រពន្ធអ្នកចង់ធ្វើអ្វីមួយហើយ គ្មានអ្នកណាអាចហាមនាងបានទេ។ "
តាំងពីចាប់ផ្តើមតមអាហារនិងហាត់ប្រាណមក សាន់ ឆាយ ស្រកទម្ងន់ខ្លាំងមិនគួរឲ្យជឿ ដោយស្រកបាន១០គីឡូក្នុងមួយខែ។
នាងបានចែករំលែកតិចនិកដូចជា ញ៉ាំអាហារតែ២ពេលក្នុងមួយថ្ងៃ គឺពេលព្រឹកនិងថ្ងៃត្រង់តែប៉ុណ្ណោះ ចំណែកពេលយប់គឺមិនញ៉ាំអីតែម្ដង។ អាហារពេលព្រឹកមានដូចជា ផ្លែស្រកានាគ ១ភាគ៤ នៃផ្លែ និងពេលថ្ងៃត្រង់ញ៉ាំ សាច់២ដុំនិងបន្លែស្រុះ២ចាន។

ម្យ៉ាងវិញទៀត នាងបានជួលគ្រូបង្វឹកហាត់ប្រាណ និង Yoga ២ដងក្នុងមួយអាទិត្យ ដោយក្នុងមួយដងត្រូវចំណាយពេល១ម៉ោង។ តួស្រីក្នុងរឿង ស្នេហា៤ដួងដដែលនេះ បានអះអាងថា ក្រោយពីអនុវត្តវិធីថែរក្សារាងបែបនេះកន្លងមក ពេលនេះនាងអាចស្លៀកខោអាវទំហំ S និង XS បានហើយ ហើយត្រូវការសម្រក៤គីឡូបន្ថែមទៀត ដើម្បីអាចវិលទៅរកទំហំខ្លួនមុនពេលមានផ្ទៃពោះរបស់នាង៕

0 comments: